ហេតុ​អ្វី​លោក​គ្រូ​អាយុវែង​ម្ល៉េះ?

កាល​ខ្ញុំ​រៀន​នៅ​ពុទ្ធិក​វិទ្យាល័យ​ខេមររង្សី​(វត្ត​អារញ្ញ) នៅ​ខេត្ត​កំពង់​ឆ្នាំង​ មាន​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ខ្ញុំ​ដែល​គាត់​តែង​តែ​ឧស្សាហ៍​ទាស់​ពាក្យ​ទាស់​សម្តី​ជា​មួយ​លោក​គ្រូ​គីមី​នៅ​ថ្នាក់​នោះ។

ថ្ងៃ​មួយ​ពេល​លោក​គ្រូ​គីមី​គាត់​កំពុង​រៀប​រាប់​អំពី​ប្រវត្តិ​គីមីវិទូ​ល្បីៗ​ក្នុង​លោក គាត់​ក៏​បាន​និយាយ​ថា​ «កូណា​ឆ្ងល់! ឲ្យ​តែ​អ្នក​ឆ្លាត​ខាង​គីមី​អាយុ​មិន​សូវ​វែង​សោះ។» ស្រាប់​តែ​ភ្លាម​នោះ​សិស្ស​ម្នាក់​ដែល​តែង​តែ​កុង​ពាក្យ​សម្តី​ជា​មួយ​គាត់​នោះ​ភ្លាត់​មាត់​សួរ​គាត់​វិញ​ភ្លាម​ថា «ចុះ​លោក​គ្រូ​ហេតុ​អ្វី​អាយុវែង​ម្ល៉េះ?»។ 🙂

ពុទ្ធិក​វិទ្យាល័យ​ខេមររង្សី​ខេត្ត​កំពង់​ឆ្នាំង

ពុទ្ធិក​វិទ្យាល័យ​ខេមររង្សី​ខេត្ត​កំពង់​ឆ្នាំង

Advertisements

ឆ្នាំ​២០១៣​មិន​មែន​ជាឆ្នាំ​ល្អ​សម្រាប់​ខ្ញុំ​ទេ

យប់​នេះ​ជា​យប់​ចុង​ក្រោយ​ហើយ​នៃ​ឆ្នាំ​២០១៣ ដូច្នេះ​ហើយ​​អនុញ្ញត្តិ​ឲ្យ​ខ្ញុំ​បាន​និទាន​រឿង​រ៉ាវ​ខ្លះ​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះដើម្បី​ទុក​ជា​បទ​ពិសោធន៍​សម្រាប់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​និង​ដើម្បី​កត់​ត្រា​ទុក​ជា​កំណត់​ហេតុ​មួយ​សម្រាប់​ខ្លួន​ឯងផង​។

ពិត​ណាស់​ថា​រាល់​ឆ្នាំ​នីមួយៗ​ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​រឿង​រ៉ាវ​ជូរចត់ និង​រឿង​រ៉ាវ​ផ្អែម​ល្ហែម​លាយ​ឡំ​ជា​មួយ​គ្នា ពោល​គឺ​គ្មាន​នរណា​ម្នាក់ជួប​តែ​រឿង​ល្អ​សុទ្ធ​ឬ​ជួប​រឿង​អាក្រក់​តែ​រហូត​នោះ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ថា​អាច​ជួប​រឿង​អាក្រក់​ច្រើន​ជាងឬ​ក៏​ល្អ​ច្រើន​ជាងតែ​ប៉ុណ្ណោះ ហើយ​ចំពោះ​ជីវិត​របស់​ខ្ញុំ​វិញ​ ខ្ញុំ​អាច​និយាយ​ដោយ​សង្ខេប​ខ្លី​ថា​ «ឆ្នាំ​២០១៣មិន​មែន​ជា​ឆ្នាំ​ល្អ​សម្រាប់​ខ្ញុំ​ឡើយ»។

នៅ​ក្នុង​ឆ្នាំ​នេះ​តាំង​តែ​ពីដើម​ឆ្នាំ​មក​ម្ល៉េះ ខ្ញុំហាក់​​មាន​អារម្មណ៍​​ថា​ខ្លួន​ឯង​ប្រៀប​ដូច​ជា​សាក​សព​ដែល​មាន​តែ​រាង​កាយ​តែ​មិន​ដឹង​ជា​វិញ្ញាណ​បាត់​ទៅ​ណា។ សុខ​ភាព​ផ្លូវ​កាយ​​ចាប់​ចុះខ្សោយ ឯ​សុខ​ភាព​ផ្លូវ​ចិត្ត​វិញ​ចាប់​ផ្តើម​ឈឺ​រ៉ាំ​រ៉ៃដូច​ដី​ប្រេះ​ក្រហែង​នារដូវ​ប្រាំង ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​គ្មានបាន​ធ្វើ​អ្វី​ឲ្យ​បាន​ប្រ​យោជន៍​សោះ​ក្រៅ​តែ​ពីការ​​ដេក​មួយថ្ងៃៗ គិត​រឿង​អត់​ប្រយោជន៍ ខ្វាយ​ខ្វល់​និង​ព្រួយ​បារម្ភ​ច្រើន​ហួស​ចំពោះ​រឿង​ដែល​មិន​ទាន់​កើត​ឡើង ស្ទាក់​ស្ទើរមិន​ប្រាកដ​ប្រជា ខ្ញុំ​ដូច​ជា​ទីងមោង​លេង​សូវ​មាត់​ក​ លេងហ្គេម​​កុំ​ព្យូទ័រច្រើន​ ឬ​ក៏​លេង​ហ្វេសប៊ុក​ជាដើម​។ និយាយ​ដល់​ត្រឹម​នេះ​ ខ្ញុំ​នៅ​ចាំ​ពាក្យ​ដែល​បង​ប្រុស​របស់​ខ្ញុំ​គាត់​បានសំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​មាន​គំរោង​ទិញ​កុំ​ព្យូទ័រ​មុន​ដំបូង​ថា គាត់មិន​ចង់​ទិញ​កុំ​ព្យូទ័រ​ឲ្យ​ខ្ញុំ​ឡើយ​ព្រោះ​ខ្លាច​ខ្ញុំ​យក​មក​លេងហ្គេម​ឬ​មើល​រឿង​អត់​បាន​រៀ​ន​សូត្រ​ព្រោះ​ពេល​ខ្ញុំ​បាន​កាន់​កុំ​ព្យូរ​ទ័រ​របស់​គាត់​ម្តងៗ​ គាត់​ឃើញ​ខ្ញុំ​គិត​តែ​ពីលេង​ហ្គេមមួយ​ថ្ងៃ​អត់​ធ្វើ​អី​សោះ ហើយ​ណាមួយ​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​ខ្ញុំ​ត្រូវ​ប្រឡង​បាក់​ឌុប​ផង ដូច្នេះ​ហើយ​គាត់​ខ្លាច​ខ្ញុំ​ប្រឡង​ធ្លាក់​ឬ​បាន​ពិន្ទុខ្សោយ​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ឬក​ដូច​ជា​ខ្លួន​ឯង​ហ្នឹង​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​ហើយ​ដោយ​ខ្ញុំ​តប​ទៅ​គាត់​វិញបែប​មាន​ជំនឿ​​ចិត្ត​ថា​ «ខ្ញុំ​លេងហ្គេម​ច្រើន​តែ​ពេល​អត់​ទាន់​មាន​កុំព្យូទ័រ​អញ្ចឹង​ទេ ប៉ុន្តែ​ពេល​មា​ន​ផ្ទាល់​ខ្លួន​ទៅ​ប្រហែល​ជា​ធុញ​នឹង​លេង​ហើយ»។​ តែវា​​មិន​ដូច្នោះ​ឯណា ខ្ញុំ​ចាស់​តែ​មុខ​តែ​ចរិត​ដូច​ក្មេង​បៀម​ដៃ​នៅ​ឡើយ ពោល​គឺ​នៅ​ទី​បំផុត​ទង្វើ​របស់​ខ្ញុំ​​មិន​ខុស​ពី​អ្វី​ដែល​បង​ប្រុស​របស់​ខ្ញុំ​ព្រួយ​បារម្ភ​នោះ​ឡើយ​។ ខ្ញុំ​​ចុច​កុំ​ព្យូទ័រ​មួយ​ថ្ងៃ​ៗ​ដូច​មនុស្ស​អត់​ដែលធ្លាប់​​បាន​ស្គាល់​​កុំ​ព្យ័ទ័រសោះ​​អញ្ចឹង ហើយ​តាំង​ពី​ខ្ញុំ​ទិញ​កុំ​ព្យូទ័រ​ប្រហែល​ជាង​២​ឆ្នាំ​នេះ​មក​ ខ្ញុំ​អាន​សៀវ​ភៅ​ចប់​បាន​ប្រហែល​ជា​២​ក្បាល​ប៉ុណ្ណោះ​ ដែល​ការ​អាន​សៀវ​ភៅ​នេះ​ជា​ទម្លាប់​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​បំផុត​កាល​ពី​ឆ្នាំ​មុនៗ​ ឯការ​​ប្រឡង​បាក់​ឌុបវិញ​​បាន​ពិន្ទុ​ទាប​ជាង​មិត្ត​រួម​ថ្នាក់ហើយ​ឥឡូវ​មិន​ទាំង​បាន​សញ្ញាប័ត្រ​ផង។

នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​បាន​មក​ទន្រ្ទាន​ដើម​ទ្រូង​ខ្ញុំ​ស្ទើរ​ពេញ​មួយ​ឆ្នាំ​នេះដែល​ខ្ញុំ​មិន​អាច​រៀប​រាប់​អស់ ហើយ​ដែល​ខ្ញុំ​ត្រូវ​តែ​ចង​ចាំ​ទុក​ជា​បទ​ពិសោធន៍​ជីវិត​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត​។​ ខ្ញុំ​មា​ន​បំណង​រៀប​ចំ​របស់​របរ​ដែល​ជ្រុះ​រប៉ាត់​រប៉ាយ​នៅ​លើ​ផ្ទៃ​ជីវិត​ខ្ញុំ​មក​តំរៀប​វា​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ឡើង​វិញ។ ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​កំហុស​ឆ្គង​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ប្រែក្លាយ​ជា​បែប​នេះហើយ​ដែល​ខ្ញុំ​គួរ​តែ​កែ​តម្រូវ​នោះ​គឺ ​កំឡុង​ពេល​ដែល​ជីវិត​របស់​ខ្លួន​ឯង​ចុះ​ខ្សោយ​ស្ទើរ​ដល់​បាតដី​ដូច្នេះ​ហើយ​ ​ខ្ញុំ​បែរ​ជាចូល​ចិត្ត​ទៅ​សង្កេត​ពី​អ្នក​ដទៃជំនួស​ឲ្យ​ការ​រៀន​សង្កេត​ពី​ខ្លួន​ឯង​​ទៅ​វិញ។ ដូច្នេះ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​សន្យា​ថា​នឹងកែ​ខ្លួន​ ដោយ​​ចាប់​ផ្តើមពីការ​​រៀន​សង្កេត​និង​រៀន​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​។

ខ្ញុំ​​បាន​ចំណាយ​ពេល​សរសរ​អត្ថ​បទ​នេះ​តាំង​ពី​ម៉ោង​ជាង​១០យប់​នៃ​ចុង​ឆ្នាំ​២០១៣ រហូត​ដល់​ឥឡូវ​ម៉ោង​ជិត​មួយ​អាធ្រាត​នៃ​ឆ្នាំ​២០១៤​​ទៅ​ហើយ ក្នុង​គោល​បំណង​រំសាយ​ចោល​នូវ​ទុក្ខ​កង្វល់​ទាំង​អម្បាលម៉ាន​ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់​ចោល​បាត់​អស់​ ហើយ​ចាប់​ផ្តើម​គិត​និង​ធ្វើ​រឿង​អ្វី​ដែល​ល្អសម្រាប់​ខ្លួនឯង​​។ ខ្ញុំ​​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ! ខ្ញុំ​គ្រាន់​តែ​ដេក​លក់​យូរ​ហើយ​ស្ពឹក​​ស្រពន់​បន្តិច​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ចាប់​ពី​ពេល​នេះ​តទៅ​ «ខ្ញុំ​​ត្រូវ​តែ​ភ្ញាក់​ឡើង​ហើយ​ចាប់​ផ្តើម​សុបិន្ត»។

ជូន​ពរ​ឆ្នាំ​ថ្មី!  ​

ដល់​ថ្ងៃ​ខួប​កំណើត កុំ​ភ្លេច​អ្នក​ផ្តល់​កំណើត​

កាល​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​បុរស​បី​នាក់​ដែល​មាន​ភ្នែក​ពិការ​តាំង​ពី​កំណើត។ បុរស​ទាំង​បី​នាក់​នោះ​តាំង​ពី​តូច​មក​ពុំ​ដែល​ស្គាល់​សត្វ​ដំរី​ឡើយ ប៉ុន្តែ​ពួក​គេ​​ចង់​ស្គាល់​ដំរីខ្លាំង​ណាស់។

ថ្ងៃ​មួយ​នោះ​​​គ្រាន់​តែ​លឺ​ដំណឹង​ថា​មាន​គេ​ដឹក​ដំរី​ចូល​មក​ក្នុង​ភូមិ​ដែល​គាត់​រស់​នៅនោះ​ ​បុរស​ពិការ​ភ្នែក​ទាំង​បី​នាក់​ត្រេក​អរ​ខ្លាំង​ណាស់​ហើយ​ក៏​ប្រញ៉ាប់​ប្រញ៉ាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ដែល​គេ​​ចង​ដំរី​នោះ។ លុះ​ទៅ​ដល់​ហើយ ដោយ​ហេតុ​តែ​ពួក​គេ​ពិការ​ភ្នែក ​ពួក​គេ​មិន​អាច​មើល​ឃើញ​ថា​តើ​ដំរី​មាន​រូប​រាង​យ៉ាង​ណា​បាន​ឡើយ ដូច្នេះ​ពួក​គេ​ក៏​ប្រើ​ដៃ​របស់​គេ​ដើម្បី​ស្ទាបរូប​រាង​របស់​ដំរីនោះ​។បុរស​ទី​មួយ​ស្ទាប​ប៉ះ​ចំ​ខ្លួន​ដំរី ហើយ​ក៏​ពោល​ថា​ «អូហ៍! ដំរី​មាន​រាង​ដូច​ ចង្អេរ​ទេ​តើ!»។ បុរស​ទីពីរ​ស្ទាប​ប៉ះ​ចំ​ជើង​ដំរី ហើយ​ក៏ពោល​ថា​ «ទេ! ដំរី​មាន​គឺ​ដូច​សរសរ​ផ្ទះទេតើ»។ ឯចំណែក​បុរស​ទីបីវិញ ស្ទាប​ប៉ះ​ចំកន្ទុយ​ដំរីហើយ​ក៏ពោល​ថា​ «អ្នក​ទាំង​ពីរ​យល់​ច្រឡំ​ហើយ តាម​ពិត​ដំរី​គឺ​មាន​រាង​ដូច​ខ្សែរពួរទេ»។ ប៉ុន្តែ​ធាតុ​ពិត​ពួក​គេ​ទាំង​បី​គឺ​សុទ្ធ​តែ​យល់​ច្រឡំ​ដូចៗ​គ្នា ព្រោះ​ការ​ពិត​ដំរី​គឺ​មាន​រាង​ដូច​ដំរី។

សព្វ​ថ្ងៃ​នេះ​ឲ្យ​តែ​ដល់​ពិធី​ខួប​កំណើត​របស់​ខ្លួន​ម្តងៗ​ មនុស្ស​មួយ​ចំនួន​ជា​ពិសេស​អ្នក​ទីក្រុង​ឬទីប្រជុំជន តែង​តែ​រៀប​ចំធ្វើ​ពិធី​ជប់លៀង​ស៊ីផឹក​ រាំលេង​យ៉ាង​​គគ្រឹកគគ្រេងជា​មួយ​មិត្ត​ភក្តិ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ភ្លេច​បុគ្គល​ដ៏​សំខាន់​ពីរ​នាក់​គឺ​លោក​ឪពុក​និង​អ្នក​ម្តាយ​ដែល​ជា​តួអង្គ​ដ៏​សំខាន់​ថ្ងៃ​ខួប​កំណើត​របស់​គេ​ទៅ​វិញ មាន​ពេល​ខ្លះ​ពួក​គេ​មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​ឲ្យ​លោក​ឪពុក​អ្នក​ម្តាយ​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​នោះ​ទេ ផ្ទុយ​មក​វិញ​ថែម​ទាំង​បង្ករ​ការ​រំខាន​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ថែមទៀត​តាម​រយៈការ​ស្រែកច្រៀង​ឡូឡាឬ​ដើរ​លេង​យប់អាធ្រាត្រ​ហើយ​ត្រលប់​មកផ្ទះ​​វិញ​យប់​ជ្រៅ​ហួសធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​។ អ្នក​ទាំង​នោះ​មិន​ខុស​អ្វី​ទៅ​នឹង​បុរស​ពិការ​ភ្នែក​ទាំង​បី​នាក់​នោះ​ឡើយ ដោយ​គេ​ឲ្យ​និយម​ន័យ​ខុស​ទៅ​លើ​ថ្ងៃ​ខួប​កំណើត​របស់​ពួក​គេ ដូច​លោក​តា​ក្រុម​ង៉ុយ​បាន​ពោល​ថា «ត្បិត​មនុស្ស​ឥឡូវ​យក​ខុស​ធ្វើ​ត្រូ​វ​​យក​ឆ្កួត​ធ្វើ​ជា………» ។ បើ​ដល់​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​ហើយ​អ្នក​បែរ​ជា​ភ្លេច​អ្នក​ផ្តល់​កំណើត​របស់​អ្នក​បែប​នេះ​ទៅ​វិញ​នោះ​តាម​បុរាណាចារ្យ​គេអាច​​ហៅ​មនុស្ស​បែប​នេះ​ថាជា​ «មនុស្ស​ឥតកំណើត»។

ចូរ​អ្នក​សាក​ស្រម៉ៃ​មើល​ថា​នៅ​ថ្ងៃដំបូងដែល​អ្នក​មាន​ឱកាស​បាន​ស្គាល់​ពន្លឺ​ព្រះ​អាទិត្យ​នោះ​​ អ្នក​ម្តាយ​របស់​អ្នក​ស្ទើរ​តែ​បាត់​បង់​ជីវិត​ទៅ​ហើយ​នៅ​ពេល​ដែល​គាត់​កំពុង​ផ្តល់​កំណើត​ឲ្យ​អ្នក​នោះ​ ចំណែក​ឯលោក​ឪពុក​របស់​អ្នក​វិ​ញ​មិន​អាចនៅ​ស្ងៀម​នៅ​មួយ​កន្លែង​បាន​ទេ​ព្រោះ​ខ្លាច​ភរិយា​របស់​គាត់​និង​កូន​របស់​គាត់​មាន​រឿង​រ៉ាវ​អ្វីកើត​ឡើង ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​យក​ថ្ងៃ​ដ៏​សំខាន់​នេះ​មក​ធ្វើ​អំពើ​ល្អ​មួយ​ចំនួន​ដើម្បី​ជា​ការ​តប​ស្នង​គុណ​ដល់​ពួក​គាត់​វិញ​ដូច​ជា ​ជូន​គាត់​ទៅ​ពិសារ​អាហារ​នៅ​ទីណា​ដែល​ឆ្ងាញ់ៗ ដើរ​លេង​ទី​ណា​ដែល​សប្បាយៗ ឬ​ក៏​ជូន​ប្រាក់​កាស់​ដល់​គាត់​ដើម្បី​ធ្វើ​បុណ្យ​ទាន ​ហើយ​និយាយ​ពាក្យ​ថ្លែង​អំណរ​គុណ​ពីរ​បី​ប្រយោគចេញ​ពី​ដួង​ចិត្ត​របស់​អ្នក​ទៅ​កាន់​ពួក​គាត់ ជំនួស​ឲ្យ​ការ​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ពីសុខ​ទុក្ខ​របស់​​អ្នកហើយ​ទូរស័ព្ទ​ខ្វាត់​ខ្វែង​ដើម្បី​សួរ​ដំណឹង​ពី​អ្នក​​។ ពិត​ណាស់​អ្នក​មាន​ពេល​វេលា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ជួប​ជុំ​មិត្ត​ភក្តិដូចជា​ម៉ោង​ធ្វើ​ការ​ នៅ​សាលា​រៀន ឬ​ដំណើរ​ចុះ​កម្មសិក្សា​ជា​ដើម ដូច្នេះ​អ្នក​គួរ​តែ​យក​ពេល​វេលា​​មួយ​ថ្ងៃ​នេះ​ដើម្បី​នៅ​ក្បែរ​ដើម​ទ្រូងរបស់​ពួក​គាត់​ទាំង​ពីរ​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

មួយ​ឆ្នាំ​កន្លង​ផុត​ទៅហើយ

រដូវ​រងា​បាន​មក​ដល់​ហើយ​ ពេល​បើក​​មើល​ប្លុកខ្លួន​ឯង​​ឃើញ​ព្រិល​ធ្លាក់​ ស្រាប់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​អណ្តែតអណ្តូង​ភ្លាម​មួយ​រំពេច​នឹក​ឃើញ​ទៅ​ដល់​ពេល​ដែល​ខ្ញុំ​បាន​បង្កើត​ប្លុក​នេះ​កាល​ពី​មួយ​ឆ្នាំ​មុន។ ខ្ញុំ​នៅ​ចាំ​បាន​ថា​​កាល​ដែល​ខ្ញុំ​បង្កើត​ប្លុក​នេះ​នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ហើយ​រហូត​មក​ដល់​ពេល​នេះ​វា​មានអាយុ​កាល​មួយឆ្នាំជា​ង​ហើយ។

កាល​នោះ​ខ្ញុំ​មិន​សូវ​បាន​សម្រាក​គ្រប់​គ្រាន់​ទេ​ព្រោះ​តែ​មាន​ក្តី​ស្រម៉ៃ​ចង់​ឲ្យ​ប្លុក​នេះ​លេច​ចេញ​ជា​រូប​រាងឡើង ហើយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​គេ​ចេះ​តែ​ឆ្ងល់​ថា​ខ្ញុំ​ធ្វើ​ស្អីគេ​ទាំង​ថ្ងៃ​ទាំង​យប់​អត់​ដេកអត់​ពួន​អញ្ចឹង? ខ្ញុំ​ក៏​ប្រាប់​គេ​ថា​បង្កើត​ប្លុក​វើតប្រេស ហើយ​គេ​ក៏ក្រវីក្បាល​ស្ទើរគ្រប់​គ្នា​។ ដោយ​សារ​ខែ​នោះ​ជា​ខែ​រងា​ យប់ៗ​ឡើង​ខ្ញុំ​ចាប់​ផ្តើម​យក​ភួយ​មក​ឃ្លុំ​ជិត​អស់​ទាំង​ប្រាណ​ទុក​តែប្រឡោះ​ភ្នែក​ដើម្បី​ទុក​មើល​កុំ​ព្យូរទ័រ​តែ​ប៉ុណ្ណោះ ហើយ​ពេល​ធ្វើ​បាន​សម្រេច​តាម​ដំណាក់​កាល​នីមួយៗ​ខ្ញុំ​ត្រេក​អរ​ក្រៃ​លែង​ ព្រោះ​មិន​នឹក​ស្មាន​ថា​ខ្លួន​ឯង​អាច​ធ្វើ​វា​បាន ហើយ​​ពេល​ខ្លះ​ពេល​ដែល​ខ្ញុំ​ចេញ​មក​បត់​ជើង​តូច​កណ្តាល​អាធ្រាត​ ហើយ​ឃើញ​មាន​ខែ​រះ​ផង​នោះ ខ្ញុំ​ក៏​អង្គុយ​នៅ​បង់​មុខ​ខ្ទម​មើល​ដួង​ខែ​រះ​ហើយ​ចាប់​ផ្តើម​ស្រម៉ៃ​ថា​គួរ​សរសេរ​អ្វី​ទៅ​ក្នុង​ប្លុក​នេះ និយាយ​រួម​ខ្ញុំ​អង្គុយ​ញញឹម​ម្នាក់ៗ​ឯង​កណ្តាលរាត្រី​ដូច​មនុស្ស​ឆ្កួត ទន្ទឹម​គ្នា​នោះ​ដែរ​ខ្ញុំ​ក៏​​គ្មាន​អារម្មណ៍​ងងុយ​ដេក​អី​បន្តិច​សោះឡើយ។ប្លុក​មួយ​នេះ​ជា​អនុស្សាវរីយ៍​មួយ​ដ៏​សែន​សំខាន់​សម្រាប់​រូប​ខ្ញុំ​ បន្ទាប់​ពី​ខ្ញុំ​ចាក​ចេញ​ពី​ខេត្ត​កំពង់​ឆ្នាំង​ដើម្បី​មក​រស់​នៅ​ភ្នំពេញ​មក។

ប៉ុន្តែ​ក៏​មាន​រឿង​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សោក​ស្តាយ​ដែរនោះ​គឺ​ ដោយ​សារ​ខ្ញុំ​រវល់​តែ​ខិត​ខំរចនា​ប្លុក​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​បាន​ទៅ​សាលារៀន​ជា​ច្រើន​សប្តាហ៍​ ព្រោះ​ខ្ញុំ​នៅ​ចុច​កុំ​ព្យូរទ័រ​យប់​ៗ​ជ្រៅ​ពេក ដូច្នេះ​ហើយ​ស្ទើរ​រៀង​រាល់​ព្រឹក​ ​កំឡុង​ពេល​ដែល​អ្នក​ដទៃ​កំពុង​នៅ​ក្នុង​ថ្នាក់​រៀនក្រេប​យក​ចំណេះ​វិជ្ជា​​ ឯខ្ញុំ​វិញ​នៅ​ដេក​គ្របភួយ​ដូច​សាក​សព​នៅ​ឡើយ លុះ​អ្នក​ដទៃ​ត្រឡប់​មក​ពី​សាលា​វិញ​ទើប​ខ្ញុំ​ក្រោក​ពី​ដេក​ព្រោះ​លឺ​សម្លេង​គេ​ជជែក​គ្នា។ ដោយ​សារ​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​ខ្ញុំ​ប្រឡង​បាក់​ឌុប​ផង​ ហើយ​ទៅ​រៀន​មិន​បាន​ដិត​ដល់​ដូច្នោះ​ ទើប​នៅ​ទី​បញ្ចប់​ពេល​ប្រឡង​បាក់​ឌុប​ មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​នៅ​ក្បែរ​ខាង​គេ​បាន​និទ្ទេស​C ស្ទើរ​រាល់​គ្នា ហើយ​ខ្ញុំ​ជាប់​និទ្ទេស​D។

អ្វីៗ​កន្លង​ផុត​យ៉ាង​រហ័ស​ដូច​ផ្លេក​បន្ទោរ សុខៗ​ស្រាប់​តែ​មួយ​ឆ្នាំ​បាន​កន្លងផុត​បាន​ទៅ​ហើយ ខ្ញុំ​ពិត​ជា​មិន​អាច​ទាញ​ពេល​វេលា​ឲ្យ​វិលត្រលប់​ថយ​ក្រោយ​ដើម្បី​កែ​ប្រែខ្លួនខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​នោះ​ឡើយ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ខ្ញុំ​ហាក់​ដូច​ជា​មានអារម្មណ៍​ថា​ប្លុក​មួយ​នេះ​ពិត​ជា​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​តាំ​ងពី​ខ្ញុំ​បាន​បង្កើត​វា​មកដើម្បី​ឲ្យ​ខ្ញុំ​អាច​និយាយ​ទៅ​កាន់​មនុស្ស​ក្នុង​ពិភព​លោក​នូវ​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ និង​ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ក៏​អាចបង្ហោះ​ចោល​នូវ​​សេចក្តី​ខ្វល់​ខ្វាយ​និង​វិប្បដិសារី​ទាំង​ឡាយ​ឲ្យ​រសាត់​ទៅ​ឆ្ងាយ​ដូច​ដុំ​ព្រិល​តូចៗ​ដែល​ធ្លាក់​ចុះ​មក​ហើយ​រសាត់​ទៅ​តាម​ខ្យល់​ដូច្នោះ​ដែរ។ 

សិស្ស​ដាក់​ស្នេហ៍​អនុរក្ស

ពេល​មួយ​ជា​ពេលដែល​​សិស្ស​គ្រប់​គ្នា​ត្រូវ​ប្រឡង​បាក់​ឌុប មាន​កូន​សិស្ស​ប្រុស​ម្នាក់​ដែល​មាន​រូប​រាង​សង្ហារ​គ្រាន់​បើ​ជាង​គេ​នៅ​ក្នុង​បន្ទប់​នោះ​។ នៅបន្ទប់​ដែល​គេ​ប្រឡង​នោះ​ដែរ​មាន​អ្នក​គ្រូដ៏​ស្រស់​សោភា​​ម្នាក់​​ធ្វើ​ជា​អនុរក្ស​ប្រចាំ​បន្ទប់​នោះ​ តែ​អ្នក​គ្រូ​មាន​ចរិត​កាច​បន្តិច​ចំពោះ​អ្នកណា​​ដែល​ហ៊ាន​បើក​​សំណុំ​ឯកសារ​មើល​។

ពេលឃើញ​អ្នក​គ្រូ​នោះ​ហើយ​ សិស្ស​​កម្លោះ​ជើង​ឆើត​នោះ​សប្បាយ​ចិត្ត​ណាស់​ហើយ​បាន​ខ្សឹប​ប្រាប់​អ្នក​ប្រឡង​រួម​ថ្នាក់ជា​មួយ​​គេ​ថា៖ គេ​នឹង​ដាក់​ស្នេហ៍​បន្ទន់​ចិត្ត​អ្នក​គ្រូ​អនុក្ស​ដើម្បី​ឲ្យ​អ្នក​គ្រូ​នោះ​ទន់​ចិត្ត​ជា​មួយ​គេ​ហើយ​គេនឹង​​អាច​ប្រឡង​ជាប់​បាន​ដោយ​ងាយ។

មួយ​សន្ទុះ​ក្រោយ​មក​​ប្រហែល​ជា​អ្នក​គ្រូ​ត្រូវ​ស្នេហ៍របស់​​សិស្ស​ម្នាក់​នោះ​មែន​ហើយ​ ស្រាប់​តែ​អ្នក​គ្រូ​ទៅ​អង្គុយ​ចាំ​មើល​មុខ​សិស្ស​ប្រុស​ម្នាក់​នោះ​រហូត​ដល់​សិស្ស​ម្នាក់​នោះឆ្លៀត​ពេល​មើល​ប្រ៊ុ​យយ៉ុង​មិនបាន​​សោះ ចំណែក​ឯ​សិស្ស​ដទៃ​ទៀត​ពេល​ឃើញ​អ្នកគ្រូ​រវល់​តែ​លង់​ស្នេហ៍​ជា​មួយ​នឹង​សិស្ស​ម្នាក់​នោះ​ហើយ​ពួក​គេ​ក៍​អាច​បើក​មើល​ព្រុយយ៉ុង​បាន​ដោយ​ស្រួល។

*រឿង​នេះ​ខ្ញុំ​ឮពី​​​មិត្ត​ភក្តិ​ដែល​ប្រឡង​បាក់​ឌុប​រួម​បន្ទប់​ជា​មួយ​ខ្ញុំ​គេ​និយាយ​ប្រាប់។