អនុស្សាវរីយ៍

ខ្ញុំ​ដឹង​ថា​មនុស្ស​ម្នាក់​ប្រាកដ​ជា​មាន​រឿង​រ៉ាវ​អនុស្សា​វរីយ៍​ នៅក្នុង​ជីវិត​ខ្លះ​ដែល​មិន​អាច​បំភ្លេច​បាន​ ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​អ្នក​ដែរ​ថា​ខ្ញុំ​ក៏​មិន​ខុស​ពី​មនុស្ស​ដទៃ​ទៀត​​ នៅ​ក្នុង​ពិភព​លោកនេះ​​​ដែរ។នៅ​ទី​នេះ​មាន​អារម្មណ៍​ច្រើន​ណាស់​ដែល​ខ្ញុំ​ បាន​លាក់​ទុក​តែ​មិន​ហ៊ាន​ប្រាប់​គេ​ឯង​ ​តែ​ថ្ងៃ​នេះ​ទើប​តែ​ដាច់​ចិត្ត​ប្រាប់​ពិភព​លោក​ឲ្យ​បាន​ដឹង​។

អាច​និយាយ​បាន​ថា​ខ្ញុំ​ជា​​កង្កែប​ក្នុង​អណ្តូង​ក៏​បាន​ ព្រោះ​តាំងតែ​​ពី​ខ្ញុំ​មាន​វត្ត​មាន​នៅ​ក្នុង​ពិភព​លោក​ជា​ង​២៣ឆ្នាំ​​នេះ​ ខ្ញុំ​ពុំ​ដែល​បាន​ទៅ​រស់​នៅ​ខេត្ត​ឬក្រុង​ណា​ផ្សេងក្រៅ​ពី​ខេត្ត​ កំពង់ឆ្នាំង​​ឲ្យ​បាន​មួយ​ឆ្នាំ​សោះ។ ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អនុស្សាវរីយ៍​រាប់​មិន​អស់​នៅ​ ក្នុង​ខេត្តភាគ​កណ្តាល​​របស់​ប្រទេស​កម្ពុជា​មួយ​នេះ​។

ខេត្ត​កំពង់​ឆ្នាំង​ប្រៀប​ដូច​ជា​សមរភូមិ​នៃ​ឆាក​ជីវិត​ដំបូង​របស់​ខ្ញុំ​ ព្រោះ​វា​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ទាំង​សុខ​ទាំង​ទុក្ខ​ព្រម​គ្នា​​។ ម្តង​ម្កាល​ពេល​ដែល​ខ្ញុំ​ជិះ​ទូក​ក្បែ​រ​ជើង​ភ្នំ​កង្រី​ ​​ខ្ញុំ​បាន​គយ​គន់​​ភ្នំ​កង្រី​ដោយ​ក្តី​សោមនស្ស​ មានបក្សា​​បក្សី​ហើរ​លើ​វេហាស៍ បូកផ្សំ​នឹង​ហ្វូង​មច្ឆា​ហែល​ក្នុង​គង្គា​ទៀត​នោះ​ វា​កាន់​តែ​ធ្វើ​ឲ្យ​សម្រស់​ភ្នំ​នាង​កង្រី​មាន​សម្រស់​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀតជា​ពិសេស​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រលប់​មក​​ទីរួម​ខេត្ត​កំពង់​ឆ្នាំង​ វិញពេល​រសៀល ​ឃើញ​កូន​ទូក​អ្នក​នេសាទ​ដែល​រសាត់​អណ្តែត​លើ​ផ្ទៃ​ជលសា​ឯពន្លឺ​ព្រះ​សុរិយា​ចាំង​ព្រិចៗ​ប៉ះ​នឹង​រលក​ទន្លេ​ ពេល​នោះ​ខ្ញុំ​ចេះ​តែ​នឹក​សង្វេគ​ដល់​ឆាក​ជីវិត​របស់​ខ្លួនឯង​មិន​ចេះ​ចប់​មិន​​ចេះ​ហើយ។​​

ភ្នំកង្រី​ ខេត្ត​កំពង់ឆ្នាំង​

ភ្នំកង្រី​ ខេត្ត​កំពង់ឆ្នាំង​

រឿង​មួយ​ទៀត​កាល​ពី​ខ្ញុំ​ទើប​តែ​នឹង​បួស​បាន​ពីរ​បី​ឆ្នាំ។​ កាលនោះ​ខ្ញុំ​ស្នាក់​នៅ​វត្ត​ក្រាំង​ល្វា​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ ថ្នល់​រថ​ភ្លើង​ ថ្ងៃ​មួយ​ខ្ញុំ​មាន​ឳកាស​បាន​ជិះ​រថ​ភ្លើង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​ មិត្ត​ភក្តិ​នៅ​ខេត្ត​ពោធិ៍សាត់​ ពេល​ត្រលប់​មក​វិញ​ពេល​ល្ងាច​ខ្ញុំ​អង្គុយ​ក្នុង​ទូ​រថ​ភ្លើង​អើ​ត​មើល​តាម​ បង្អួច​ទៅ​ឃើញ​ក្មេង​គង្វាល​គោ​តាម​វាល​ស្រែ វាក៏​បាន​ទាញ​អារម្មណ៍របស់​ខ្ញុំ​ឲ្យ​នឹក​ស្រម៉ៃ​ដល់​រឿង​អតីតកាល​ កាល​ដែល​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ឃ្វាល​គោ​។

អនុស្សាវរីយ៍មួយ​ទៀត​គឺ ​កាល​ដែល​ខ្ញុំ​ស្នាក់​វត្ត​ខ្សាម​នា​ខេត្ត​កំពង់ឆ្នាំង​ មាន​គ្រា​មួយ​មិន​ដឹង​ជា​ហេតុ​អ្វី​ស្រាប់​តែ​គេ​ចេញ​​បម្រាម​ហាម​មិន​ឲ្យ​ រៀន​ភាសា​អង់គ្លេស​នៅ​ក្នុង​វត្ត​។ ពេល​នោះ​​ពុំ​សូវ​មាន​នរណា​​ហ៊ាន​ប្រឆាំង​នឹង​បទបញ្ជារនេះ​ឡើយ​ ព្រោះ​ខ្លាច​គេ​ដេញ​ចេញ​ពី​វត្ត​ មាន​តែ​ខ្ញុំ​នឹង​មិត្ត​ភក្តិ​ប៉ុន្មាន​នាក់​ទៀត​តែ​ប៉ុណ្ណោះ​ដែល​ប្រហើន​ ហ៊ាន​លួច​រៀន​នៅ​ក្នុង​សាលា​ពុទ្ធិក​អនុវិទ្យាល័យ​ខេមររង្សី​នៅ​ក្នុង​វត្ត​ នោះ​។ ពួក​យើង​បាន​បើក​ក្លឹប​រៀន​និយាយ​ភាសា​អង់​គ្លេស​ ពួក​យើង​បាន​រៀន​ដោយ​លួច​លាក់​បំផុត​​ពុំ​ហ៊ាន​បើក​ភ្លើង​ឲ្យ​ភ្លឺ​ច្បាស់​ នោះ​ឡើយ​ព្រោះ​ខ្លាច​មាន​គេ​មើល​​ឃើញ​ពួក​យើង​ មាន​ពេល​ខ្លះ​ដោយ​ហេតុ​តែ​ស្ថាន​ការណ៍​មិន​សូវ​ស្រួល​ពួក​យើង​ត្រូវ​បង្ខំ​ ចិត្ត​អង្គុយ​រៀន​នៅ​លើ​បង់​នៅ​ខាង​មុខ​សាលា​រៀន​ក្រោមពន្លឺ​ព្រះច័ន្ទប្រកប ​ព្រម​ដោយ​​អាកាស​ធាតុ​ត្រជាក់​នាពេល​រាត្រី​។

នៅ​បង់​ខាង​មុខ​សាលា​នេះ​ហើយ​ដែល​យើង​តែង​តែ​អង្គុយ​រៀន​ភាសា​អង់គ្លេស​។

នៅ​បង់​ខាង​មុខ​សាលា​នេះ​ហើយ​ដែល​យើង​តែង​តែ​អង្គុយ​រៀន​ភាសា​អង់គ្លេស​។

ថ្ងៃ​មួយ​មិន​ដឹង​ជា​អកុសល​អី​ ស្រាប់​តែ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​​មក​ទាន់​ពេល​ដែល​ពួក​យើង​កំពុង​តែ​រៀន ​នៅ​ក្នុង​ថ្នាក់​!!!!! ពេល​នោះ​ម្នាក់ៗ​​ភ័យ​ខ្លាំង​ណាស់​ព្រោះ​ដូច​ខ្ញុំ​ជាដើម​បាន​គិត​រួច​ស្រេច ​ហើយ​ថា​ ព្រឹក​នេះ​មុខ​ជា​នឹង​ត្រូវ​លោក​បណ្តេញ​ចេញ​ពី​វត្ត​ហើយ​ តែ​ចេះ​អត់​អី​ដែរ​។ សុំ​អនុញ្ញត្តិ​ឲ្យ​ខ្ញុំ​បាន​កត់​ត្រា​ឈ្មោះ​មិត្ត​ភក្តិ​ទាំង​ប៉ុន្មាន​ នាក់​ដែល​រៀន​ជាមួយ​ខ្ញុំ​កាល​គ្រានោះ​ទុក​ក្នុង​ទី​នេះ​ផង​ ពួក​គេ​គឺ៖ នឿន​យឿង ឈាន​ រ៉ាយុត្តិ​ ផុន​ សុភី ឈិន​សាមាន នឹង​ខ្ញុំ​វង សុឃី​។ អាច​និយាយ​បាន​ថា​ដោយ​សារ​តែ​ការ​រៀន​និយាយ​ភាសា​អង់​គ្លេស​បែប​លួច​លាក់​នៅ ​គ្រា​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​ហា​មាត់​និយាយ​ភាសា​អង់គ្លេស​បាន​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ទោះ​បី​ជា​មិន​ច្រើន​ក៏​ដោយ​តែ​វា​ជា​ការ​ចាប់​ផ្តើម​បង្ហាញ​ពី​ភាព​ក្លាហាន ​របស់​ខ្ញុំ​ក្នុង​ការ​និយាយ​ភាសាបរទេស​មួយ​នេះ​ដែល​ខ្ញុំ​ពុំ​កម្រ​ហ៊ាន​ និយាយ​ណាស់​តាំង​ពី​ខ្ញុំ​បាន​រៀន​វា​មក។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​ពុទ្ធិក​អនុវិទ្យាល័យ​ខេមររង្សីមក​ ឆ្នាំ​២០១០ខ្ញុំ​ក៏​បាន​ប្តូរ​មក​សិក្សា​នៅ​ពុទ្ធិក​វិទ្យាល័យ​ខេមររង្សី​ដែល​មាន​ទី​តាំង​នៅ​វត្ត​អារញ្ញិការាម​ ហើយ​ស្រប​ពេល​នោះ​ដែរខ្ញុំ​ក៏​បាន​ប្តូរ​ទី​លំនៅ​មក​ស្នាក់​នៅ​វត្ត​កាសេម​រតនា​រាម ហៅ​វត្ត​ធម្មយុត្តិហើយ​ត្រូវ​ដើរ​ទៅ​រៀន​រៀង​រាល់​ថ្ងៃ​។ នៅ​វត្ត​ធម្មយុត្តិ​នោះ​ខ្ញុំ​បាន​ស្គាល់​មិត្ត​ភក្តិម្នាក់​ឈ្មោះ​ហ៊ុម វិច្ឆិកា ហើយ​គាត់​ក៏​ជា​មិត្ត​រួម​ថ្នាក់​ជា​មួយ​និង​ខ្ញុំ​ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គាត់​បាន​ប្តូរ​ទៅ​ស្នាក់​នៅ​ឯខេត្តបាត់​ដំបង​ហើយ ចំណែក​ខ្ញុំ​វិញ​ប្តូរ​មក​ភ្នំពេញ​។ គាត់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំង​ដូច​ខ្ញុំ​ដែរ។

មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ​ ហ៊ុម វិច្ឆិកា(ឆ្វេង) ថត​ជា​មួ​យ​ខ្ញុំ​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ពេ​ល​ដែល​យើង​ទើប​ប្រឡង​បាក់​ឌុប​ហើយថ្មីៗ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ​ ហ៊ុម វិច្ឆិកា(ឆ្វេង) ថត​ជា​មួ​យ​ខ្ញុំ​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ពេ​ល​ដែល​យើង​ទើប​ប្រឡង​បាក់​ឌុប​ហើយថ្មីៗ

ពិតណាស់​គាត់​មិន​មែន​ជា​អ្នក​ឧបត្ថម្ភ​ធនធាន​ថវិការ​ឬ​សម្ភារៈ​​អ្វីច្រើន​ចំពោះ​ខ្ញុំ​ដូច​អ្វី​ដែល​បង​ប្រុស​ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ឡើយ ប៉ុន្តែ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​លើក​ទឹក​ចិត្ត​និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​សមត្ថ​ភាព​របស់​ខ្ញុំ​ជា​ដរាប  កំឡុង​ពេល​ដែល​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​សូវ​មាត់​ករហើយ​មិន​សូវ​ត្រូវ​បាន​នរណា​គេ​ចាប់​អារម្មណ៍​ គាត់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងាក​មក​ចាប់​អារម្មណ៍​ខ្ញុំ  កំឡុង​ពេល​ដែល​​ខ្ញុំ​ជា​មនុស្ស​ខ្ជិល​ច្រអូស​ក្នុង​ការ​រៀន​សូត្រ​ហើយ​អ្នក​ដទៃ​កម្រ​នឹង​បបួល​ខ្ញុំ​ទៅ​រៀន​ តែ​គាត់​វិញតែង​តែ​មក​បបួល​ខ្ញុំ​ជា​ញឹក​ញាប់​ដើម្បី​ទៅ​រៀនភាសា​អង់គ្លេសឬ​គណិត​វិទ្យា​ជា​ដើម រហូត​ដល់​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់គាត់​។ ខ្ញុំ​នៅ​ចាំ​បាន​ថា​មាន​ថ្ងៃ​មួយ​នោះ​យើង​ឈប់​និយាយ​រក​គ្នា​ពីរ​បី​ថ្ងៃ ដោយ​សារ​គាត់​បបួល​ខ្ញុំ​ទៅ​រៀន​ហើយ​ខ្ញុំ​មិន​ត្រឹម​តែ​មិន​ទៅ​ទេ​ ថែម​ទាំង​បាន​ប្រើ​ពាក្យ​គំរោះ​គំរើយ​ដាក់​គាត់​ថែម​ទៀត​។ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ជំពាក់​គុណ​គាត់​ច្រើន​ណាស់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​មាន​ឱកាស​ល្អ​ណា​មួយ​ដើម្បី​សង​គុណ​គាត់​ត្រលប់​វិញទោះ​បី​ជា​ក្នុង​ផ្នែក​ស្មារតី​ឬ​ទ្រព្យ​សម្បត្តិ​ក៏​ដោយ​។

កុដិនៅ​ភាគ​ខាងត្បូង​វត្តធម្មយុត្តិ​ដែល​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ

កុដិនៅ​ភាគ​ខាងត្បូង​វត្តធម្មយុត្តិ​ដែល​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ

វត្ត​ធម្មយុត្តិ​និយាយ​ដោយ​ឡែក​​ ខេត្ត​កំពង់​ឆ្នាំង​និយាយ​ជា​រួម ជា​ទី​កន្លែង​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើ​ន​ជាង​ទីណាៗ​ទាំង​អស់​រហូត​មក​ទល់​និង​ពេល​បច្ចុប្បន្ន​នេះ​។ ខ្ញុំ​នៅ​ចាំ​ពុំ​ភ្លេច​ឡើយ​ថ្ងៃ​មួយ​ដែល​ខ្ញុំ​ចាក​ចេញ​ពី​សាលា​រៀន​ត្រលប់​មក​កុដិ​វិញដើរ​កាត់​ភ្លៀង​រលឹម​ស្រិច​ ហើយ​ខ្ញុំ​ស្រម៉ៃ​ថា​ប្រៀប​ដូច​ជា​ខ្ញុំ​កំពុង​តែ​ដើរ​កាត់​ព្យុះ​ភ្លៀង​ឆ្ពោះ​ទៅ​កាន់​ក្តី​សុបិន្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ទៀត​ថា​ខណៈ​​ពេល​ដែល​ខ្ញុំ​មាន​ក្តី​សុខ​ដូច្នេះ ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទះ​វីឡា​ស្កឹម​ស្កៃ​តែ​ចិត្ត​របស់​គេ​កំពុង​ច្របូក​ច្របល់។​

វាលស្រែមួយរយនៅខាងកើតទីរួមខេត្តកំពង់ឆ្នាំង

វាលស្រែមួយរយនៅខាងកើតទីរួមខេត្តកំពង់ឆ្នាំង

ខាង​លើ​នេះ​គឺ​គ្រាន់​តែ​ជា​​រឿង​រ៉ាវ​អនុស្សាវរីយ៍​ខ្លះ​ៗ​របស់​ខ្ញុំ​ នៅ​ពេល​​ខ្ញុំ​រស់​នៅ​​ខេត្ត​កំពង់​ឆ្នាំង​ប៉ុណ្ណោះ ព្រោះ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​។​​ថ្វី​ត្បិត​តែ​ ខ្ញុំ​ជា​មនុស្ស​ដែល​ភ្លេច​ច្រើន​បន្តិច​មែន​ តែ​អនុស្សាវរីយ៍​ទាំង​នេះ​ខ្ញុំ​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ឡើយ​ នោះ​ក៏​ព្រោះ​តែ​ខ្ញុំ​ពុំ​បាន​​កត់​ត្រា​វា​ទុក​នៅ​ក្នុង​​ខួរ​ក្បាល​របស់​ ខ្ញុំ​ឡើយ​ តែ​ខ្ញុំ​បាន​កត់​ត្រា​វា​ទុក​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​​តែ​រហូត​មក​។

ខ្ញុំ​តែ​ង​តែ​ប្រសិទ្ធ​នាម​ឲ្យ​ខ្លួ​ន​ឯង​ថា​ជា​មនុស្ស​សំណាង​ ព្រោះ​បើ​សិន​ជា​ខ្ញុំ​ទៅ​សេព​គប់​មិត្ត​ភក្តិ​ខុស​នោះ​​ ​ប្រហែល​ជាពេលនេះ​ខ្ញុំ​​មិន​សង្ឃឹម​ថា​នឹង​បាន​សរសេរ​រឿង​រ៉ាវ​ទាំង​នេះ​ ប្រាប់​អ្នកទាំង​អស់​គ្នា​​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​សូម​​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​បង​ប្រុស​ជា​ទី​គោរព​របស់​ខ្ញុំ​ ដែ​ល​តែង​តែ​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រូវ ​ឲ្យ​ខ្ញុំ​បាន​រៀន​សូត្រ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ។​ ពាក្យ​ថា​ «ប្អូន​ត្រូវ​ខំ​រៀន»​ គឺ​ជា​ប្រយោគ​សាមញ្ញ​បំផុត​​សម្រាប់​មនុស្ស​ទូ​ទៅ​ តែ​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ដែល​តែង​តែ​ដើរ​វង្វេង​ ផ្លូវ​ដូច​ជា​រូប​ខ្ញុំ​។ ​ សូម​អរគុណ​មិត្ត​ភក្តិ​ទាំង​អស់​នឹង​មនុស្ស​ទាំង​ឡាយ​​​ដែល​បាន​ផ្តល់​ភក្តី ​ភាព​ចំពោះ​រូប​ខ្ញុំ​។

ចម្រៀង​ខេត្ត​កំពង់​ឆ្នាំង

 

ចំណងជើង
១.ស្រអែមលាក់ខ្លួន​ [audio http://cl.ly/3s3X3I280F1q/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%A2%E1%9F%82%E1%9E%98%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%93.mp3]

ស៊ិន ស៊ីសាមុត

២.ចំប៉ាផ្សារលើ [audio http://cl.ly/1Q3s470z3f2n/%5BMP3%5D%20%E1%9E%85%E1%9F%86%E1%9E%94%E1%9F%89%E1%9E%B6%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%9B%E1%9E%BE%20_%20%E1%9E%9F%E1%9F%8A%E1%9E%B7%E1%9E%93%20%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9E%B6%E1%9E%98%E1%9E%BB%E1%9E%8F%20_%20Khmer%20Song.mp3]

ស៊ិន ស៊ីសាមុត

៣.បុប្ផាពង្រ [audio http://cl.ly/3t2A3i001L3Q/%5BMP3%5D%20%E1%9E%94%E1%9E%BB%E1%9E%94%E1%9F%92%E1%9E%95%E1%9E%B6%E1%9E%96%E1%9E%84%E1%9F%92%E1%9E%9A%20_%20%E1%9E%9F%E1%9F%8A%E1%9E%B7%E1%9E%93%20%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9E%B6%E1%9E%98%E1%9E%BB%E1%9E%8F%20_%20Khmer%20Song.mp3]

ស៊ិន ស៊ីសាមុត

៤.ផ្នូរនាងកង្រី [audio http://cl.ly/1S343s2W2B13/%E1%9E%95%E1%9F%92%E1%9E%93%E1%9E%BC%E1%9E%9A%E1%9E%93%E1%9E%B6%E1%9E%84%E1%9E%80%E1%9E%84%E1%9F%92%E1%9E%9A%E1%9E%B8.mp3]

រស់ សេរីសុទ្ធា

រូបថតអនុស្សាវរីយ៍

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s